ក្តៅៗ ធនាគារមួយទៀតរបស់ អាមេរិក ប្រកាសក្ស័យធន់ ការរដួលរលំដ៏ធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
ធនាគារ The First Republish របស់អាមេរិកបានប្រកាសក្ស័យធន និងត្រូវបាននិយ័តកររដ្ឋ California រឹបអូសជាផ្លូវវការកាលពីថ្ងៃចន្ទ ហើយទ្រព្យសម្បត្តិទាំងអស់ត្រូវបានលក់ឲ្យធនាគារធំបំផុតរបស់អាមេរិក JP Morgan Chase ដើម្បីធានាប្រាក់បញ្ញើអតិថិជននៅក្នុងធនាគារ ។
ធនាគារ First Republic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេស្គាល់ថា ជាអ្នកផ្តល់ការប្រាក់ខ្ពស់ដល់អតិថិជន ដែលមានទ្រព្យសម្បត្តិច្រើន។ ទ្រព្យសកម្មរបស់ខ្លួនមានចំនួន ២២៩.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៣ ខែមេសា លើសពីធនាគារ Silicon Valley ដែលទើបនឹងដួលរលំ នៅក្នុងខែមីនាទៅទៀត។
ធនាគារ First Republic បាននិយាយនៅថ្ងៃទី២៤ ខែមេសាថា ខ្លួនបានបាត់បង់ប្រាក់បញ្ញើចំនួន ៧២ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ បន្ទាប់ពីអតិថិជនបានដកប្រាក់សន្សំរបស់ពួកគេ ចំពេលមានវិបត្តិធនាគារ។ ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ ដែលជំរុញឱ្យមានភាពរង្គោះរង្គើដល់ជោគវាសនារបស់ធនាគារនេះ៕
ចំណែកតាមរយៈការទិញយកនេះដែរ នាយកប្រតិបត្តិរបស់ធនាគារ JP Morgan លោក Jamie Dimon និយាយថា ទីតាំងទាំងអស់របស់ធនាគារ The First Republish ត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារ JPMorgan ក្នុងរយៈពេល ១៨ ខែខាងមុខ ។
ស្របពេលជាមួយគ្នានេះ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ JPMorgan ក៏បានបញ្ជាក់ដែរថា អតិថិជនរបស់ធនាគារ The First Republic ទាំងអស់ នៅតែអាចបន្តដាក់ប្រាក់បញ្ញើក្នុងធនាគារមួយនេះ បានដូចធម្មតា និងប្រកបដោយទំនុកចិត្តដដែល ។
|